Wednesday, November 25, 2026
header banner
HomeNewsអង្គការសហប្រជាជាតិបញ្ជាក់ថាកម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ - Khmer Times

អង្គការសហប្រជាជាតិបញ្ជាក់ថាកម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ – Khmer Times


នៅក្នុងដំណាក់កាលដ៏សំខាន់មួយសម្រាប់កម្ពុជា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយកាលពីចុងសប្តាហ៍មុន ដែលបញ្ជាក់ពីការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ រួមជាមួយនឹងប្រទេសសេណេហ្គាល់។

យោងតាមសេចក្តីសម្រេច A/79/L.49 ដែលត្រូវបានអនុម័តដោយមហាសន្និបាតកាលពីថ្ងៃទី១៩ ខែធ្នូ កម្ពុជា និងសេណេហ្គាល់ក៏ត្រូវបានផ្តល់ពេលវេលាបន្ថែមចំនួន ៥ ឆ្នាំ សម្រាប់ការចាកចេញដោយពិចារណាលើសំណើ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូនចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនេះ។ រយៈពេលអនុញ្ញាតជាធម្មតាគឺបីឆ្នាំ។

ការចាកចេញពី LDC របស់កម្ពុជាត្រូវបានកំណត់ឡើងវិញបន្ទាប់ពីការកំណត់ពេលវេលាកាលពីពេលមុននៅឆ្នាំ២០២៧។ គណៈកម្មាធិការអង្គការសហប្រជាជាតិសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) បានធ្វើការសម្រេចចិត្តនេះនៅដើមឆ្នាំ២០២៤ ក្នុងអំឡុងពេលដំណើរការវាយតម្លៃ។

លក្ខណៈវិនិច្ឆ័យសម្រាប់ការចាកចេញរួមមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យសកម្មមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

មហាសន្និបាតអង្គការសហប្រជាជាតិបានធានាបន្តការគាំទ្រដល់ប្រទេសទាំងពីរក្នុងអំឡុងពេលអន្តរកាល និងពេលបន្ទាប់។ ប្រទេសទាំងពីរក៏អាចសហការជាមួយដៃគូទ្វេភាគី និងពហុភាគីក្នុងតំបន់ សម្រាប់អន្តរកាលនេះ។

ទោះជាយ៉ាងណាក៏ដោយ ការចាកចេញរបស់កម្ពុជាពី LDC គឺមិនមានបញ្ហាប្រឈមនោះទេ ប៉ុន្តែកម្ពុជានឹងបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មមួយចំនួនដែលផ្តល់ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាពិសេសដោយសារកម្ពុជាពឹងផ្អែកខ្លាំងលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។

អត្ថប្រយោជន៍ទាំងនេះរួមមានការលើកលែងពន្ធ ក្រោមប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដោយប្រទេសផ្សេងៗរួមទាំងសហភាពអឺរ៉ុបផងដែរ។

យោងតាមលោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានឱ្យដឹងថា ការចាកចេញពីក្រុមប្រទេស LDC ផ្តល់នូវឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា។

លោកបានកត់សម្គាល់ថា “ វាគឺជាសមិទ្ធិផលដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ខណៈដែលកម្ពុជាបានកសាងប្រទេសឡើងវិញពីផេះផង់នៃសង្រ្គាម និងជម្លោះផ្ទៃក្នុង ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមជាង៧ភាគរយសម្រាប់រយៈពេលជាងពីរទសវត្សរ៍មុនមានកូវីដ-១៩។

“ម្យ៉ាងវិញទៀត ការចាកចេញពី LDC នឹងនាំឱ្យមានការដកជាបណ្តើរៗនូវវិធានការគាំទ្រអន្តរជាតិ រួមទាំងការរៀបចំប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការអនុវត្តដែលអាចបត់បែនបាននៃវិធានប្រភពដើមទំនិញ (Rules of Origin) របស់អង្គការពាណិជ្ជកម្មពិភពលោក និងទិដ្ឋភាពទាក់ទងនឹងពាណិជ្ជកម្មនៃសិទ្ធិកម្មសិទ្ធិបញ្ញា (TRIPS ) ជាដើម។ ជាធម្មតា តម្លៃបន្ថែមក្នុងស្រុក ៦០ភាគរយគឺតម្រូវសម្រាប់ការផ្តល់ការអនុគ្រោះ បើប្រៀបធៀបទៅនឹង ៣០ ភាគរយនៅក្រោមប្រទេស LDC ។ លោកបានរំលឹកថា ការខ្វះការអនុលោមតាមច្បាប់នឹងនាំឱ្យមានពន្ធខ្ពស់»។

គួរកត់សម្គាល់ផងដែរថា ការវាយតម្លៃបឋមរបស់អង្គការសហប្រជាជាតិសម្រាប់ការត្រួតពិនិត្យរយៈពេលបីឆ្នាំនៃឆ្នាំ២០២៤ នៅដើមឆ្នាំនេះ បានផ្តល់ឱ្យកម្ពុជានូវការវាយតម្លៃជាវិជ្ជមានសម្រាប់ការចាកចេញជាមួយនឹងពិន្ទុប្រាក់ចំណូលជាតិសរុប (Gross National Income-GNI) សម្រាប់មនុស្សម្នាក់ចំនួន ១,៥៤៦ដុល្លារ ដែលលើសពីលក្ខណៈវិនិច្ឆ័យ (threshold) នៃ១,៣០៦ ដុល្លារ។

កម្ពុជាក៏ទទួលបានពិន្ទុល្អ ៧៧.៧ លើសន្ទស្សន៍ទ្រព្យសកម្មមនុស្ស (Human Assets Index-HAI) ដែលលើសពីលក្ខណៈវិនិច្ឆ័យ ៦៦ពិន្ទុ ឬច្រើនជាងនេះ។ កម្ពុជាក៏មានវឌ្ឍនភាពយ៉ាងល្អនៅក្នុងសន្ទស្សន៍សេដ្ឋកិច្ច និងបរិស្ថាន (EVI) ជាមួយនឹងពិន្ទុ ២៣.៣ (លក្ខណៈវិនិច្ឆ័យសម្រាប់ក្រុមនេះគឺ ៣២ ឬទាបជាងនេះ)។

ការចាកចេញពីក្រុមប្រទេសLDC គឺជាដំណើរការច្រើនឆ្នាំដែលចាប់ផ្តើមជាផ្លូវការនៅពេលដែលប្រទេសមួយបំពេញតាមលក្ខណៈវិនិច្ឆ័យនេះជាលើកដំបូងនៅឯការវាយតម្លៃរយៈពេលបីឆ្នាំរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP)។ CDP ត្រូវបានកំណត់ឱ្យពិនិត្យជារៀងរាល់បីឆ្នាំម្តងនូវបញ្ជីនៃក្រុមប្រទេស LDCs និងដើម្បីផ្តល់អនុសាសន៍អំពីប្រទេសណាដែលត្រូវចាកចេញពីក្រុមប្រទេសនេះ។

ការរំពឹងទុកគឺថា កម្ពុជានឹងសម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរកត់សម្គាល់ថាកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការបញ្ចប់ឋានៈរបស់ក្រុមប្រទេស LDC ជាលើកដំបូងក្នុងឆ្នាំ២០២១។ ទន្ទឹមនឹងការបញ្ចប់ឋានៈត្រូវបានចាត់ទុកថាជាដំណាក់កាលនៃការអភិវឌ្ឍន៍របស់ប្រទេស វាក៏មានន័យថាការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនដែលទទួលបានក្នុងនាមជាប្រទេស LDCs ។

កម្ពុជានឹងលែងមានសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប បន្ទាប់ពីកម្ពុជាចាកចេញពី LDC ។ ឥឡូវនេះកម្ពុជាកំពុងស្ថិតក្នុងដំណើរការពិនិត្យប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មដូចជា GSP Plus របស់សហភាពអឺរ៉ុប។

GSP Plus គឺជាការរៀបចំលើកទឹកចិត្តពិសេសរបស់សហភាពអឺរ៉ុប សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិចំនួន ២៧ ស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ ការការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ព្រមទាំងអភិបាលកិច្ចល្អ។

កម្ពុជាក៏គួរតែបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTAs) និងមានវិធានបន្ទាន់ ដើម្បីពន្លឿនកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាចកើតឡើងនៅពេលដែលខ្លួនបានចាកចេញពី LDC នេះបើយោងតាមគេហទំព័ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស LDC មួយចំនួនដែលបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំងតាមរយៈការអនុគ្រោះពន្ធ និងវិធានប្រភពដើមដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅកាន់អឺរ៉ុបដោយមិនគិតពន្ធ។

ប្រសិនបើមិនបានរៀបចំដោយប្រុងប្រយ័ត្ន ការបាត់បង់ប្រព័ន្ធអនុគ្រោះទាំងនេះអាចប៉ះពាល់ដល់លទ្ធផលនាំចេញរបស់កម្ពុជា នេះបើតាមការកត់សម្គាល់ដោយទីប្រឹក្សាសេដ្ឋកិច្ច Gerald Pascua និងPramila Crivelli ដែលជាសេដ្ឋវិទូនៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់ ADB និងលោក Stefano Inama ប្រធានជំនួយបច្ចេកទេសនៅសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)។





Source link

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Turning Point Website

Most Popular

Recent Comments