កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលគ្រប់គ្រងដោយរដ្ឋ ដែលជាកំពង់ផែធំទីពីរក្នុងប្រទេស បានឃើញកំណើនគួរឱ្យកត់សម្គាល់នៃកុងតឺន័រទំនិញឆ្លងកាត់កាលពីឆ្នាំមុន នេះបើយោងតាមលទ្ធផលអាជីវកម្មដែលដាក់ជូនផ្សារមូលបត្រកម្ពុជា។
របាយការណ៍បានបង្ហាញថា កំពង់ផែស្វយ័តភ្នំពេញ (PPAP)បានគ្រប់គ្រងកុងតឺន័រទំនិញឆ្លងកាត់ចំនួន ៤៨០,២០០TEUs(មួយយូនីត ស្មើនឹង ២០ ហ្វីត) កើនឡើង ២១,១៩ ភាគរយពី ៣៩៦,២២៥ TEUs នៅក្នុងឆ្នាំមុន។
របាយការណ៍បានបន្តថា កំពង់ផែទឹកសាបបានគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងឥន្ធនៈឧស្ម័នសរុបចំនួន ៤,១៤ លានតោន កើនឡើង ១៥,៩១ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ ដោយបន្ថែមថា កប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែបានកើនឡើង ២៦,៨ ភាគរយដល់ ៤,៨៩៤ជើង។
របាយការណ៍បានបន្ថែមថា ទូកដឹកអ្នកដំណើរបានកើនឡើង ២៤,៨ ភាគរយដល់ ៧០៨ ជើង ដែលដឹកអ្នកដំណើរសរុប ៣៦, ១៥០ នាក់ កើនឡើង ៤៣,៧៣ ភាគរយធៀបនឹងឆ្នាំ២០២៣។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកលទ្ធផលជាវិជ្ជមានរបស់កំពង់ផែនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលនីតិវិធីគយ។
ថ្លែងប្រាប់កាសែតខ្មែរថាមស៍ លោក ផន រឹម មានប្រសាសន៍ថា “កំណើននៃកុងតឺន័រទំនិញឆ្លងកាត់ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃសកម្មភាពអាជីវកម្ម និងពាណិជ្ជកម្ម ដែលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា”។
របាយការណ៍នេះមិនបានបង្ហាញពីចំនួនប្រាក់ចំណេញដែលទទួលបាននោះទេ។
របាយការណ៍ផ្លូវការបានបង្ហាញថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ កំពង់ផែរកចំណូលបាន ៣៧ លានដុល្លារ កើនឡើង ២២ ភាគរយពី ៣០,៣ លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកាលពីពេលថ្មីៗនេះថា ការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញផលិតផលកម្មន្តសាល បានជំរុញដល់វិស័យដឹកជញ្ជូននៅក្នុងប្រទេស។
លោកបន្តថា៖ «ការនាំចេញវិស័យកាត់ដេរ និងមិនមែនកាត់ដេរបានកើនឡើងដែលជំរុញដល់វិស័យដឹកជញ្ជូនផងដែរ»។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានទំហំទឹកប្រាក់ប្រមាណ ២៦,១៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៥,៧ ភាគរយពី ២២,៦៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣។
របាយការណ៍បន្តថា ទន្ទឹមនឹងនេះដែរ កម្ពុជាបាននាំចូលទំនិញដែលមានទំហំទឹកប្រាក់២៨,៥៤ប៊ីលានដុល្លារពីដៃគូពាណិជ្ជកម្ម កើនឡើង ១៨ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។
ទំនិញនាំចូលសំខាន់ៗរួមមានប្រេងឥន្ធនៈ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ យានជំនិះ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ផ្សេងៗ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញនឹងបន្តផ្តោតលើការធ្វើទំនើបកម្មប្រតិបត្តិការស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងជាមួយកំពង់ផែក្នុងស្រុក និងបរទេស និងនាំមកនូវសេវាកំពង់ផែកាន់តែខិតជិតអ្នកប្រើប្រាស់។


