ភ្នំពេញ៖ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។
អង្គប្រជុំដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ។
លោក ហ៊ាន សាហ៊ីប មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
លោកបានមានប្រសាសន៍បន្ថែមថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ ២០២៥, ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រួមមាន៖
១) បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និង ធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និង ជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ,
២) បន្តពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគ និង ធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និង ដំណើរការអនុវត្តគម្រោង ក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និង ការសម្របសម្រួល និង
៣) បន្តពង្រឹងសមត្ថភាព និង ការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និង មានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និង ភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ។

ជាចុងបញ្ចប់ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណ និង បញ្ជាក់ជូនក្រុមការងារថា ភាពជោគជ័យនៃការអនុវត្តកម្មវិធីពិសេសក្នុងឆ្នាំ ២០២៤ ហើយដែលទទួលការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល កើតឡើងពីកិច្ចខិតខំប្រឹងប្រែង, ការចូលរួម, ការគាំទ្រ, ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់សមាជិកក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព។
ជារួមរដ្ឋបាលខេត្តព្រះសីហនុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ បានរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ និង ដំបូលតែមួយរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការបំពេញភារកិច្ច ដោយមានកិច្ចសហការ និង ការទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ពិសេសការធ្វើដំណើរឆ្ពោះទៅរកភាពជាម្ចាស់ និង ការបំពេញមុខងារជារដ្ឋបាលពិសេស ក្នុងការគ្រប់គ្រងរដ្ឋបាលតំបន់សេដ្ឋកិច្ចគំរូពហុបំណង។
ជាមួយនេះក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» សម្រាប់ឆ្នាំ ២០២៥ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖
+៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕


